អាកប្បកិរិយាជនល្មើស គឺជាការបង្ហាញឱ្យឃើញពីចរិកលក្ខណៈរបស់ជនល្មើសដែលកើតមានមុន ក្នុង និងក្រោយពេលប្រព្រឹត្តបទល្មើស។ ចរិកលក្ខណៈជនល្មើស គឺជាឫកពា ធាតុដើមរបស់ជនល្មើសនោះ ហើយស្តែងឱ្យឃើញនូវរូបភាព ២ យ៉ាងផ្សេងៗគ្នា គឺទី១.ចិត្តកាចសហាវឃោរឃៅ គ្មានការអាណិតអាសូរ និងទី២.ចិត្តស្មោះសល្អស្អាត ប្រកបដោយការដឹងខុសត្រូវ។ ជនល្មើសអាចលាក់បាំងចរិកលក្ខណៈរបស់ខ្លួនដោយការសម្តែង ហើយការសម្តែងនេះទៀតសោត គឺអាចមានការជួយបង្រៀន ណែនាំ គាំទ្រ ពីមិត្ត អ្នកដែលជួយពឹងពាក់ ចំណេះដឹងរបស់ខ្លួន និងហេតុផលផ្សេងៗ ក្នុងគោលដៅរួចផុតពីការសំណាញ់ច្បាប់។ អ្នកអនុវត្តគួរប្រុងប្រយ័ត្នការសម្តែងរបស់ជនល្មើស ហើយក៏ត្រូវប្រយ័ត្នការសម្តែងរបស់ជនរងគ្រោះផង។
អាកប្បកិរិយាជនល្មើស គឺជាហេតុផលនៃការទទួលទោសរបស់ជនល្មើសតាមកម្រិតអតិបរមា ឬអប្បបរមានៃទោស ដោយផ្អែកតាមចរិកលក្ខណៈរបស់ជនល្មើស។ នៅក្នុងបទល្មើសមួយដែលមានចរិកលក្ខណៈរបស់ជនល្មើសចិត្តកាចសាហាវឃោរឃៅ ប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ នាំឱ្យទោសដែលត្រូវទទួលឡើងដល់កម្រិតអតិបរមា(ចំនួនជាប់ពន្ធនាគារច្រើន)។ ចំណែកបទល្មើសមួយដែលមានពុំកាចសាហាវ អ្នកប្រព្រឹត្តការទទួលខុសត្រូវខ្ពស់ អាចនាំមានការដាក់ទោសបែបទៅរកកម្រិតអប្បបរមាន(ចំនួនជាប់ពន្ធនាគារតិច)។
គោលបំណងស្វែងយល់ពីអាកប្បកិរិយាជនល្មើស ដើម្បីដឹងអំពីចរិកពិតរបស់ជនល្មើស និងរឿងរ៉ាវពិតប្រាកដនៃបទល្មើស រួចសម្រេចការដាក់ទោសឱ្យសមស្រប សមរម្យ តាមស្ថានទម្ងន់ទោសឬស្ថានសម្រាលទោសដល់ជនល្មើស។
រូបភាពអាកប្បកិរិយាជនល្មើស គឺស្ដែងឡើងនៅពេលបុគ្គលប្រព្រឹត្តបទល្មើសណាមួយបន្សល់នូវអំពើមកលើមនុស្ស វត្ថុ សម្ភារៈ និងសង្គម។ ដូចកាលពីមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ, ករណីឃាតកម្មដ៏សាហាវប្រើកាំភ្លើងបាញ់ប្រហារមួយគ្រាប់ហើយមួយគ្រាប់ទៀតបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស បន្សល់នូវភាពសោកសៅយ៉ាងខ្លាំងទូទាំងបណ្ដាញសង្គម និងមានមតិជាច្រើនចង់ឱ្យដាក់ពន្ធនាគារមួយជីវិត។
អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងអ្នកសិក្សាព្រហ្មទណ្ឌ ច្បាស់ជាដឹងអំពីស្ថានទម្ងន់ទោស និងស្ថានសម្រាលទោស របបនៃការប្រកាសទោស ដែលមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ។ ចំពោះការប្រើប្រាស់ស្ថានទម្ងន់ទោស ស្ថានសម្រាលទោស ឬទម្រង់របបប្រកាសទោស ដែលសមរម្យ សមស្រប សមហេតុផល ទៅលើជនល្មើសដោយត្រូវទទួលអនុវត្តទោសព្រហ្មទណ្ឌ គឺត្រូវពិចារណាអាកប្បកិរិយាជនល្មើស ទាំងមុនពេល ក្នុងពេល និងក្រោយពេលប្រព្រឹត្តបទល្មើស។
ការថ្លឹងថ្លែងកម្រិតទោសដាក់លើជនល្មើស តាមទ្រឹស្តីច្បាប់ត្រូវតែពិនិត្យភស្តុតាង ដែលមាននៅក្នុងសំណុំរឿង។ ភស្តុតាងនៅក្នុងសំណុំរឿង គឺត្រូវតែឆ្លើយតប សមហេតុផល មានទំនាក់ទំនង ប្រទាក់ក្រឡាគ្នាជាមួយអង្គហេតុ និងអង្គច្បាប់ ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកពីគ្រប់ភាគីពាក់ព័ន្ធ។ដើម្បីអាចឱ្យភស្តុតាងចូលទៅក្នុងសំណុំរឿងសម្រាប់តុលាការពិនិត្យ និងសម្រេចផ្តល់យុត្តិធម៌ គឺទាមទារឱ្យមានការដាក់ភស្តុតាង។ ក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់ថា ការដាក់ភស្តុតាងជូនតុលាការពិនិត្យ គឺអាចជូនបានដោយសេរី។ បើទោះបីជាអាចផ្តល់ភស្តុតាងដោយសេរី តែក៏ទាមទារភស្តុតាងដែលលើកមកបង្ហាញនោះ ត្រូវមានលក្ខណៈស្របច្បាប់ ស្របនីតិវិធីនៃការទទួល និងមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
លោក ម៉ង់តេរីយើ (Montesquieu) លើកឡើងថា អយុត្តិធម៌មួយចំពោះមនុស្សម្នាក់ គឺជាការគំរាមកំហែងចំពោះមនុស្សទូទៅ។ សូមបន្ថែមឱ្យមានការពិនិត្យ វែកញែក ផ្តល់ការបកស្រាយសមហេតុផលអំពីអាកប្បកិរិយាជនល្មើស និងអាកប្បកិរិយាជនរងគ្រោះ នៅក្នុងសំណុំរឿងនីមួយៗដោយការយកចិត្តទុកដាក់ខ្ពស់ មានការទទួលយកបានពីគ្រប់ភាគីប្រកបដោយភាពយុត្តិធម៌ គឺជាការលុបបំបាត់ការគំរាមកំហែងមួយយ៉ាងល្អ។ សង្ឃឹមថាគ្រប់ជ្រុងរបស់សង្គម ជួយគ្នាកាត់បន្ថាយភាពយល់ច្រឡំ តាមរយៈការសង្កេតដោយលម្អិត សម្លឹងមើលនិងបង្ហាញពីការពិតជាក់ស្តែង ផ្តល់នូវទំនុកចិត្តជូនពលរដ្ឋ និងជឿជាក់លើថ្នាក់ដឹកនាំ។
ទាញយកជាPDF ៖ https://t.me/lawlyheng/504
✥✥✥✥✥
Telegram ៖ https://t.me/lawlyheng
Pages FB ៖ https://www.facebook.com/lawlyheng
Youtube ៖ https://www.youtube.com/@lawlyheng6458
Website ៖ https://www.lawlyheng.com
សូមគោរពអរគុណ!
Tags:
ទស្សនអំពីច្បាប់