ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅដល់វិធីដោះស្រាយវិវាទដែលភាគីមានវិវាទព្រមព្រៀងគ្នាដោះស្រាយវិវាទដោយសន្តិវិធី ហើយការដោះស្រាយវិវាទតាមវិធីផ្សេងមួយទៀត ខុសពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ។ ការដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានក្លាយទៅជាផ្នែកដ៏សំខាន់នៃទិដ្ឋភាពច្បាប់នៅប្រទេសកម្ពុជា និង នៅប្រទេសដទៃទៀត ដោយសារតែវិធីសាស្ត្រនេះគូភាគីយល់ឃើញថាចំណេញ ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានដូចជា ការចរចា សន្ធានកម្ម និង មជ្ឈត្តកម្ម ឬផ្សេងទៀត។ ពាក្យថា ផ្សេងទៀត គឺអាចមានវិធីដោះស្រាយវិវាទដែលឃើញមានដូចជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ឬគោលនយោបាយសម្បទានគ្នាទៅវិញទៅមក... ដែលមានការអនុវត្តទៅតាមតំបន់មួយចំនួនៗ ។
ការចរចា គឺជាដំណើរការនៃការឆ្លើយឆ្លងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ ភាគីទាំងអស់ដាក់ជូន ឬពិចារណាលើសម្តីផ្សេងៗ រហូតដល់សម្តីណាមួយត្រូវបានធ្វើឡើង ហើយត្រូវបានគេទទួលយក។ ការចរចា គឺជាដោះស្រាយវិវាទធំ និងតូច ហើយអាចជាដំណើរការដ៏ស្មុគស្មាញបំផុត ឬសាមញ្ញធម្មតាមួយ ។ ការចរចាអាចធ្វើឡើងតាមវិធីជាច្រើនយ៉ាងដូចជា ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ ការចរចាអាច ធ្វើឡើងដោយផ្ទាល់រវាងភាគីពីរ ឬតាមរយៈតំណាងរបស់ភាគីទាំងនោះ ។
សន្ធានកម្ម គឺជាការចរចាដែលមានជំនួយឬការជួយសម្របសម្រួល ។ សន្ធានកម្មត្រូវមានភាគីវិវាទពីរ ឬច្រើន ដែលព្យាយាមចរចាលើដំណោះស្រាយមួយ ដោយមានជំនួយពីភាគីទីបី គឺសន្ធានការី ។ សន្ធានការ គឺជាសេចក្តីសម្រេចរបស់សន្ធានការីចំពោះសន្ធានកម្ម តែមិនមានសិទ្ធិអំណាចក្នុងការចាប់បង្ខំឱ្យយកដំណោះស្រាយណាមួយឡើយ ។ មានមតិមួយចំនួនលើកឡើងថា សន្ធានកម្ម គឹជាការសម្រុះសម្រួល ឬ ការផ្សះផ្សា ។ គ្រាន់តែ ការប្រើប្រាស់ពាក្យ សន្ធានកម្ម ការសម្រុះសម្រួល ការផ្សះផ្សា គឺអាស្រ័យទៅលើតំបន់ ឬ ប្រទេសនីមួយៗហៅ តែតាមពិតទៅគឺមានន័យដូចគ្នា ។
មជ្ឈត្តការ គឺជាវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានលក្ខណៈពិសេស ។ នៅក្នុងមជ្ឈត្តការ គូភាគីដាក់វិវាទរបស់ខ្លួនជូនទៅភាគីទីបីដែលអព្យាក្រឹត (មជ្ឈត្តករ ឬ ក្រុមមជ្ឈត្តករ)។ ភាគីទីបី ឬមជ្ឈត្តករ នេះពិចារណាអំពីភស្តុតាងដែលភាគីវិវាទបានដាក់ជូន និង ចេញសេចក្តីសម្រេចមួយ ហៅថា មជ្ឈត្តវិនិច្ឆ័យ ។ មជ្ឈត្តវិនិច្ឆ័យ គឺមានភ្ជាប់កាតព្វកិច្ចចំពោះគូភាគីទាំងអស់ ឬអាចមានខ្លឹមសារដូចសេចក្តីសម្រេចតុលាការ។
ទាំងការចរចារ ទាំងសន្ធានកម្ម និងមជ្ឈត្តកម្ម គឺត្រូវមាននីតិវិធីរៀងខ្លួនសម្រាប់ធ្វើការដោះស្រាយវិវាទ។
សរុបរួមនៅពេលលោក-លោកស្រីមានវិវាទ ហើយចង់ជ្រើសរើសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺត្រូវដឹងថាវិវាទនោះគួរជ្រើសរើសយកយន្តការដោះស្រាយប្រភេទណា ដែលមានដូចជា ការចរចា សន្ធានកម្ម និង មជ្ឈត្តកម្ម ឬផ្សេងទៀត ឲ្យស្រមតាមស្ថានភាពជាក់ស្តែង។
គោលការគ្រឹះមួយចំនួនទាក់ទងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។[1] ច្បាប់ការ ពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។[2]
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬ ប្តឹងទារសំណង ជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។[3] ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ ។[4]
យោលបល់ពិចារណា
§ តើអ្វីទៅជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ?
§ ហេតុអ្វីបង្កើតឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ?
§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ តួនាទី ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព របស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានអ្វីខ្លះ?
§ តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?
§ តើរដ្ឋាភិបាលផ្តោតសំខាន់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរឬទេ?
§ តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានជាប់ពាក់ព័ន្ធនឹងក្រសួងណាខ្លះ?
§ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកំពុងជួបបញ្ហាដែរឬទេ?
§ តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?
§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានលម្អិត?
§ តើស្ថានភាពការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?
§ តើលោក-លោកស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យកាន់តែល្អ?
ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។
[1] មាត្រា ៣៨ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩
[2] មាត្រា ៣៨ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩
[3] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០
[4] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០